សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា ខណៈសម្តេចតេជោ ក៏បានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យផងដែរ។

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។
សម្តេចតេជោបន្តថា ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជម្ងឺក្រោយការវះកាត់ក៏ដោយ។
តាមរយៈសម្តេចតេជោព្រះមហាក្សត្រ ក៏បានផ្ញើការសាកសួរសុខទុក្ខនិងប្រគេនពរចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដោយការនឹករលឹកផងដែរ។

សូមជម្រាបដែរថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រទ្ធសភាកម្ពុជា ក៏បានឱ្យដឹងថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានយកឱកាសនេះអរគុណប្រធាធិបតីស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ហ្សាលីន

