រយៈពេល ៧ខែ ឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជា រកចំណូលបានជាង ២៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី១ សីហា ២០២៥។

របាយការណ៍ខាងលើបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលបានពីការលក់សំបុត្រចួលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៧ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែកក្កដា ចំនួនទេសចរទិញសំបុត្រមានចំនួន ៦១៨ ៧៧១នាក់ កើនឡើង៥,៨៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ គិតជាចំណូលសរុប ២៨ ៦៤៣ ៤០៧ដុល្លារ កើនឡើង៥,៣៩% បើធៀប៧ខែ ឆ្នាំ២០២៤។
ដោយឡែកបើគិតតែក្នុងខែកក្កដា ឆ្នាំ២០២៥វិញ ទេសចរបរទេសដែលបានទិញសំបុត្រមានចំនួន ៥១ ០៩៨នាក់ ថយចុះ ១៨,១៤% បើធៀបឆ្នាំ២០២៤ រីឯចំណូលសរុបទទួលបាន ២ ៣២៧ ១៨៦ដុល្លារ ថយចុះ ១៧,៤៧% បើធៀបឆ្នាំ២០២៤។
គួររម្លឹកដែរថា កាលពីឆ្នាំ២០២៤ គ្រឹះស្ថានអង្គរ បានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ៕


