រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យជ្រើសរើសមន្ត្រីរាជការស៊ីវិល ជិត ៤ពាន់នាក់ នៅឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ​​ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យល់​ព្រម​ផ្តល់ជា​គោលការណ៍​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការស៊ីវិល ​​ចំនួន ៣,៨៦៣​នាក់ ​សម្រាប់​ឆ្នាំ២០២៣នេះ។ នេះ​បើ​តាម​​​លិខិត​របស់​ក្រសួងមុខងារសាធារណៈ លេខ ០០៨/២៣ មស.ជម ចុះ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២៣ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោម​ក្របខ័ណ្ឌ​​មន្ត្រីរាជការស៊ីវិល ជិត​៤​ពាន់​នាក់​នោះ គឺ​មាន​ក្រសួងព្រះបរមរាជវាំង ​​៦នាក់, ទីស្តីការ​គណៈរដ្ឋមន្ត្រី ១៤នាក់, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៧​នាក់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៦នាក់, ក្រសួងមហាផ្ទៃ ​២៦០នាក់, ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ៨នាក់, ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ៧៤​នាក់, ក្រសួងព័ត៌មាន ២៤នាក់, ក្រសួងរ៉ែនិងថាមពល ១១នាក់, ក្រសួងផែនការ ២៧នាក់, ក្រសួងពាណិជ្ជកម្ម ៦៥នាក់, ក្រសួងអប់រំ យុវជន និងកីឡា ៣០០០នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៦០នាក់, ក្រសួងបរិស្ថាន ៣១នាក់, ក្រសួងអភិវឌ្ឍន៍​ជនបទ ៦នាក់។

បន្ថែមពីនោះមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៣នាក់, ក្រសួងប្រៃសណីយ៍និង​ទូរគមនា​គមន៍ ១៤នាក់, ក្រសួងធម្មការនិងសាសនា ៦នាក់, ក្រសួងកិច្ចការនារី ៧នាក់, ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន ៦០នាក់, ក្រសួងយុត្តិធម៌ ៣នាក់, ក្រសួងទេសចរណ៍ ៩នាក់, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ១៦នាក់, ក្រសួងធនធានទឹក​និង​ឧត្តុនិយម ៤៤នាក់, ក្រសួងការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ២០​នាក់, អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ៣នាក់, ក្រសួងមុខងារសាធារណៈ ៦នាក់, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១១នាក់។

សូម​ជម្រាប​ជូន​ថា ក្រៅពី​​ក្របខ័ណ្ឌ​មន្ត្រីរាជការស៊ីវិល ​​រាជរដ្ឋាភិបាល​ ក៏​នឹង​ជ្រើសរើស​មន្ត្រីជាប់កិច្ចសន្យាចំនួន ១៧,០២៤នាក់, មន្ត្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យាចំនួន២៥០នាក់, គ្រូបង្រៀនពុទ្ធិកសិក្សា​ជាប់​កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់, គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់, គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់, គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់, គ្រូបង្រៀនជាប់​កិច្ច​សន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់, គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន) ចំនួន ១១,៦៧១នាក់, គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់ សម្រាប់ឆ្នាំ២០២៣ ផងដែរ៕