៣ខែ ឆ្នាំនេះ មានយានយន្តអគ្គិសនីជាង១ម៉ឺន៦ពាន់គ្រឿង បានចុះបញ្ជីនៅ​ក្រសួងសាធារណ​ការ

សង្គម​ និង​សេដ្ឋកិច្ច

និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ជាក់ស្តែង​ត្រីមាស​ទី១ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​ មានចំនួន ៣,២៤៣គ្រឿង ដែលចំនួន​នេះ​បាន​នាំ​ឱ្យ​យាន​យន្ត​អគ្គិសនី​ចុះ​បញ្ជី​សរុប​កើន​ដល់ ១៦, ២១០គ្រឿង បើគិតមកត្រឹមខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។

ជាមួយគ្នានេះ លោកបន្តថា តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦វិញ គឺមានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។

ជារួម បើគិតត្រឹម៣ខែ ដើមឆ្នាំ២០២៦ ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួនសរុប ១៦ ២១០ គ្រឿង ក្នុងនោះរួមមនា៖ ទោចក្រយានយន្តចំនួន ៣ ៨៣២គ្រឿង,ត្រីចក្រយានយន្តចំនួន ៧២២គ្រឿង និងរថយន្តចំនួន ១១ ៦៥៦ គ្រឿង។

ក្រសួងសាធារណការ ធ្លាប់បានបញ្ជាក់ថា សម្រាប់​ប្រទេស​កម្ពុជា​ការ​ចុះ​បញ្ជី​យាន​យន្ត​អគ្គិសនី​គឺ​ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២​០១៨ ដែលកាលនោះមានរថយន្តអគ្គិសនីតែមួយគ្រឿងប៉ុណ្ណោះ ដែលបាន​ចុះ​បញ្ជី​នៅ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ប៉ុន្តែចាប់ពីពេលនោះមក ការចុះបញ្ជី​យាន​យន្ត​អគ្គិសនី​ គឺ​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ។ ការកើនឡើងនេះគឺ ស្របទៅនឹងការកើនឡើង នៃ​និន្នាការ​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនីនៅលើទូទាំងពិភពលោក៕អត្ថបទ៖ហ្សាលីន