និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ជាក់ស្តែងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួន ៣,២៤៣គ្រឿង ដែលចំនួននេះបាននាំឱ្យយានយន្តអគ្គិសនីចុះបញ្ជីសរុបកើនដល់ ១៦, ២១០គ្រឿង បើគិតមកត្រឹមខែមីនានេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា នៅខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន(ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់។
ជាមួយគ្នានេះ លោកបន្តថា តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦វិញ គឺមានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។

ជារួម បើគិតត្រឹម៣ខែ ដើមឆ្នាំ២០២៦ ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួនសរុប ១៦ ២១០ គ្រឿង ក្នុងនោះរួមមនា៖ ទោចក្រយានយន្តចំនួន ៣ ៨៣២គ្រឿង,ត្រីចក្រយានយន្តចំនួន ៧២២គ្រឿង និងរថយន្តចំនួន ១១ ៦៥៦ គ្រឿង។
ក្រសួងសាធារណការ ធ្លាប់បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាការចុះបញ្ជីយានយន្តអគ្គិសនីគឺចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ ដែលកាលនោះមានរថយន្តអគ្គិសនីតែមួយគ្រឿងប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនី គឺមានកំណើនជារៀងរាល់ឆ្នាំ។ ការកើនឡើងនេះគឺ ស្របទៅនឹងការកើនឡើង នៃនិន្នាការការប្រើប្រាស់យានយន្តអគ្គិសនីនៅលើទូទាំងពិភពលោក៕អត្ថបទ៖ហ្សាលីន

