រូបថតចំនួន ៣១សន្លឹក បានបង្ហាញក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងគុយបា

សង្គម​ និង​សេដ្ឋកិច្ច

មិនត្រឹមតែជារូបថតធម្មតាទេ តែនេះជារូបថតចំនួន៣១សន្លឹក ដែលជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរវាងកម្ពុជា និងគុយបា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពិធីពិព័រណ៍រូបថត អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា បានរៀបចំឡើង ដោយ លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងរដ្ឋមន្រ្តី មន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីពិព័រណ៍នេះផងដែរ។

រូបថតចំនួន ៣១សន្លឹក ដែលបានដាក់តាំងបង្ហាញនាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (២) ជំនួយមនុស្សធម៌របស់គុយបា នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ និង (៣) ទស្សនកិច្ចផ្លូវការនានារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

លោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានឱ្យដឹងថា ការតាំងពិព័រណ៍នេះបានបង្ហាញឱ្យឃើញពីឫសគល់ដ៏រឹងមាំនៃទំនាក់ទំនង ដែលកសាងឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនចូលបក្សសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍទៅវិញទៅមក៕