សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការ, ពាណិជ្ជកម្ម, និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅក្នុងស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឺនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤។

សូមជម្រាបថា បច្ចុប្បន្នច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុប មានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល) និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០ រៀល៕អត្ថបទ៖ហ្សាលីន


