រដ្ឋាភិបាល ពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងថ្មីចំនួន៦ ក្នុងតម្លៃទុនវិនិយោគ ១៧៤ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ដែលមានតម្លៃទុនវិនិយោគ ១៧៤ លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣ពាន់ប្រាំរយកន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យណូអែល, ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អពីប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំង៦ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។

សូមជម្រាបថា​ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន