យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលក្រសួងអប់រំ យុវជន និងកីឡាទើបតែប្រកាសនាពេលថ្មីៗនេះ បានបង្ហាញពីលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល និងជាប្រវត្តិសាស្ត្រថ្មីមួយ នោះគឺថ្នាក់រៀនមួយនៅក្នុងសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានសិស្សសរុប ៣៦ នាក់ បានប្រឡងជាប់ទាំងអស់ ១០០ ភាគរយ ដោយក្នុងនោះមានសិស្សរហូតដល់ទៅ ៣២ នាក់ ទទួលបាននិទ្ទេស A និង ៤ នាក់ទៀតទទួលបាននិទ្ទេស B។

លទ្ធផលដ៏ឆ្នើមមិនធ្លាប់មាននេះ បានបង្កើតជាការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម។ នេះជាផ្លែផ្កានៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រយៈពេលពេញមួយឆ្នាំសិក្សាកន្លងមក ទាំងពីសំណាក់ប្អូនៗសិស្សានុសិស្សផ្ទាល់ ការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ អ្នកគ្រូ និងការគាំទ្រយ៉ាងពេញទំហឹងពីអាណាព្យាបាលសិស្ស។
បើតាមក្រសួងអប់រំ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ សិស្សជាប់ និទ្ទេស A មានចំនួន ២ ០២២នាក់, និទ្ទេស B ចំនួន ៨ ៨៤៨នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩នាក់ និង និទ្ទេស E ចំនួន ៤៦ ៨១៤នាក់។

សូមបញ្ជាក់ថា សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ(NGS)គឺជាគំរូសាលារៀនមួយស្ថិតនៅក្នុងវិទ្យាល័យធំជាងគេនិងមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាមានអាយុកាលជាង១១៣ឆ្នាំ។ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ២០៣០ និងការគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិមានចក្ខុវិស័យ “ប្រែក្លាយ សាលា រៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាល័យមានឧត្តមភាពឈានមុខគេ របស់កម្ពុជាលើការបង្រៀន (ទាំង ឥរិយាបថ និងចំណេះដឹង) ការស្រាវជ្រាវនៅមធ្យមសិក្សា និងការផ្តល់សេវាសហគមន៍”៕

