គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសតាមបណ្តាកោះតម្លៃ១០​.៤៤លានដុល្លារ ដាក់ឲ្យដំណើរការ

សង្គម​និង​សេដ្ឋកិច្ច

នៅទីបំផុតកម្ពុជា អាចធ្វើបានហើយ សម្រាប់​គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់អគ្គិសនីឲ្យលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ក្នុងតម្លៃសមរម្យ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ ​​បានចំណាយថវិកាសរុបចំនួន ១០​.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ។

សូមជម្រាបជូនថា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្រ្តមួយនេះ​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគ​ប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។

​ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក​។

បន្ថែមទៀតនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ​៕