កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៦ បន្ថែមទៀត ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតី។
ពិធីចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងបន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ឯកសារសំខាន់ៗចំនួន ៦ ដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េបានសម្រេចចុះអនុស្សរណៈបន្ថែមទៀតនោះរួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ JB Financial Group
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ KB Kookmin Bank
៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ WOORI Bank
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងការិយាល័យឥណទានកម្ពុជា និងការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank
និង៦. អនុស្សរណៈនៃការយោគយល់គ្នារវាង Worldbridge Group និងក្រុមហ៊ុន Daewoo E&C
សូមជម្រាបជូនថា ពីធីចុះអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងឱកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូកម្ពុជា បានចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ៕