អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃយប់នេះ ខណៈថ្ងៃស្អែកនឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន

សង្គម​ និង​សេដ្ឋកិច្ច

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ ខណៈក្នុងយប់នេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

លោកអគ្គមេបញ្ជាការ បានសំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍  នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។លោកបានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម  ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។

ជាមួយគ្នានោះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា៕