រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” នៅប្រទេសកម្ពុជា ជាផ្លូវការហើយ។

ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូប គឺលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ឥស្សរជនជាន់ខ្ពស់ចិនពីររូប នឹងចូលជួបពិភាក្សាស៊ីជម្រៅជាមួយថ្នាក់ដឹកនាំកម្ពុជា នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា។ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូបខាងលើ ក៏នឹងចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
បន្ទាប់ពីកិច្ចសន្ទនា ២+២” លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ផងដែរ។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕ អត្ថបទ៖ហ្សាលីន


