នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីគោលការណ៍ និងការអនុវត្តបញ្ជីថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ក្រោមក្របខ័ណ្ឌក្រុមការងារ “ញ” “ផ្នែកថាមពល និងធនធានរ៉ែ” នៃយន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន។

កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន និង ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមការងារ “ញ” ផ្នែកឯកជន និងមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គិសនីកម្ពុជា។
សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១.ពិនិត្យ ពិភាក្សាលើសំណើ សំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និង ២.ស្វែងយល់ និងស្តាប់បឋកថាខ្លីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទាក់ទងនឹងនីតិវធី គោលការណ៍ និងបទប្បញ្ញាត្តិផ្សេងៗទាក់ទងនឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីឱ្យក្រុមការងារផ្នែកឯកជនស្វែងយល់ ផ្សព្វផ្សាយបន្ត។





