ចំនួនមហាសេដ្ឋីរបស់ប្រទេសសិង្ហបុរី បានកើនឡើងជាងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដោយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិច្រើនលើសលប់ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ទ្រព្យសម្បត្តិចុងក្រោយបង្អស់ ដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ Knight Frank បានឲ្យដឹងថា សិង្ហបុរី មានមហាសេដ្ឋីចំនួន ៦៣ នាក់ ពោលគឺកើនឡើងពី ២៨ នាក់ក្នុងឆ្នាំ២០២១។
របាយការណ៍ដដែលនេះ បានកត់សម្គាល់ទៀតថា ការកើនឡើងនៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនរបស់សិង្ហបុរី កើតឡើងចំពេលកំពុងមានការកើនឡើងនៃទ្រព្យសម្បត្តិកាន់តែទូលំទូលាយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
តំបន់អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្នមានចំនួនមហាសេដ្ឋីច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីសរុបនៅលើពិភពលោក ដែលមានចំណែក ៣៥,៩% ឬ ១ ១១៦ នាក់។ មិនតែប៉ុណ្ណោះ ចំនួនមហាសេដ្ឋីរបស់សិង្ហបុរី ត្រូវបានគេរំពឹងផងដែរថា នឹងបន្តកើនឡើង ៣៥% ដល់ចំនួន ៨៥ នាក់នៅឆ្នាំ២០៣១ ខាងមុខ។
ជម្រាបជូនថា អាស៊ីអាគ្នេយ៍កំពុងលេចចេញជាប្រភពទ្រព្យសម្បត្តិថ្មីដែលមានការរីកចម្រើនលឿនបំផុត សម្រាប់ចំនួនមហាសេដ្ឋីថ្មីៗ ក្នុងនោះប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងមានមហាសេដ្ឋីចំនួន ២៦ នាក់ នៅឆ្នាំ២០៣១ បើប្រៀបធៀបទៅនឹងចំនួន ១៦ នាក់ឥឡូវនេះ។ ហើយឥណ្ឌូណេស៊ី ត្រូវបានព្យាករថានឹងកើនឡើងពី ៣៣ ទៅ ៤៩ នាក់ និងម៉ាឡេស៊ីពី ១៣ ទៅ ១៨ នាក់៕

