កម្ពុជា-លីទុយអានី ប្ដេជ្ញាចិត្ដជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះចំនួន៨

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី លើវិស័យគន្លឹះចំនួន៨ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងនៅក្នុងឱកាសដែលរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានីជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម ប្រាក់ សុខុន ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៦។

ក្រសួងការបរទេស បានឱ្យដឹងថា បន្ថែមលើការប្ដេជ្ញាចិត្ដជំរុញវិស័យគន្លឹះទាំង៨ខាងលើហើយនោះ  រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៕