ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានប្រកាសពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្រោយពីការវះកាត់ព្យាបាលព្រះរោគដោយក្រុមគ្រូពេទ្យចិន ថាមានភាពប្រសើរជាងមុនបន្តិចហើយ។

ក្រសួងព្រះបរមរាជវាំង បានបន្តថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិច ជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ ពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ បំផុត ពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេស ខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាម ពេលវេលាកំណត់ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ទន្ទឹមនេះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ ។
សូមជម្រាបដែរថា តាមរយៈសេចក្តីប្រកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គក៏សូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ហ្សាលីន

