សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នឹងមានទ្រព្យសម្បត្តិប្រហែល ៤៦៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទីពីររបស់ពិភពលោក ប្រសិនបើមិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនទេនោះ។

នៅបញ្ជីឈ្មោះ “True Net Worth” ដែលចេញផ្សាយដោយសារព័ត៌មាន Forbes បានធ្វើការគណនាឡើងវិញនូវទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដោយបូករួមជាមួយនឹងទ្រព្យសម្បត្តិដែលបានបរិច្ចាគហើយ។
គួរឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៧៣១ លានហ៊ុនដែលលោក Bill Gates បានបរិច្ចាគ គិតនៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានតម្លៃប្រហែល ២៨៧ពាន់លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ផ្សេងទៀត អាចមានចំនួនសរុបប្រហែល ៣៥៦ពាន់លានដុល្លារ។
ចាប់តាំងពីបង្កើតមូលនិធិ Gates Foundation ក្នុងឆ្នាំ២០០០ មក លោករួមជាមួយអតីតភរិយា លោកស្រី Melinda French Gates បានបរិច្ចាគប្រហែលទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារ។ លោក Bill Gates ក៏បានផ្តល់ជំនួយចំនួន ១២,៥ពាន់លានដុល្លារដល់គំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីដែលបង្កើតឡើងដោយ លោកស្រី Melinda ផងដែរ។
ជម្រាបជូនផងដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែមេសា លោក Bill Gates ត្រូវបាន Forbes រាយការណ៍មានទ្រព្យសម្បត្តិសរុប ១០៣,៩ពាន់លានដុល្លារ៕

