ស្វាយរៀង នឹងមានសណ្ឋាគារថ្នាក់ផ្កាយ៥ តម្លៃ៣០០លានដុល្លារអាម៉េរិក នាពេលខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលខាងមុខនេះ ខេត្តស្វាយរៀងនឹងមានសណ្ឋាគារថ្នាក់ផ្កាយ៥ តម្លៃ៣០០លានដុល្លារអាម៉េរិក ចំនួន ១.៣៤១បន្ទប់ ខណៈបច្ចុប្បន្នគម្រោងនេះបានសម្រេចចុះបញ្ជីរួចរាល់ហើយ។ នេះបើយោងតាមខេក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សាយចេញកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង ដែលទទួលបានគម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១.៣៤១បន្ទប់ ក្នុងទំហំទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.០៦០កន្លែង។

គម្រោងវិនិយោគ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១.៣៤១បន្ទប់ នឹងបោះទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ល.គ.” ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ វិនិយោគដោយ ក្រុមហ៊ុន PENINSULA IMPERIAL PALACE RESORT HOTEL CO., LTD.។

សូមបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោមរាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង។ នេះបើតាម លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។

ដោយឡែក បើគិតក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ខេត្តស្វាយរៀង ក៏ជាខេត្តទទួលបានគម្រោងចុះទុនវិនិយោគច្រើនជាងគេទី២ផងដែរ៕ អត្ថបទ៖ហ្សាលីន