ប្រេស៊ីល អាល្លឺម៉ង់ កាណាដា និងប្រទេសរាប់សិបផ្សេងទៀត កំពុងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ចំពេលមានវិបត្តិថាមពលដែលបណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់។

យោងតាម Reuters នៅថ្ងៃទី២៨ ខែមេសា ប្រទេសចំនួន ៦០ បានជួបប្រជុំគ្នានៅ ទីក្រុង Santa Marta ប្រទេសកូឡុំប៊ី ដើម្បីពិភាក្សាអំពីសកម្មភាពដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការលើកទឹកចិត្ត និងការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ការផ្លាស់ប្តូរថាមពល។ ប្រទេសទាំងនោះក៏បានពិភាក្សាអំពីការបង្កើតបរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្មផ្លាស់ប្តូរឧស្ម័នទៅជាអគ្គិសនី និងការកែលម្អការឧបត្ថម្ភធនសម្រាប់វិស័យឥន្ធនៈហ្វូស៊ីល ផងដែរ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសពីរក្នុងចំណោមប្រទេសដែលបំពុលបរិស្ថានឈានមុខគេលើពិភពលោក មិនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ។ អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសផលិតប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ាក៏អវត្តមានផងដែរ។
គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាមានរយៈពេលពីរខែកន្លងមកនេះ បានបង្ហាញពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសជាច្រើន លើការនាំចូលប្រេង និងឧស្ម័ន។ ស្របពេលសេដ្ឋកិច្ចអាស៊ី កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដោយសារតែកង្វះខាតឥន្ធនៈ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់។
យោងតាមរដ្ឋមន្ត្រីអាកាសធាតុហូឡង់ លោក Van Veldhoven បានឲ្យដឹងថា វិបត្តិថាមពលនេះ បានពង្រឹងទស្សនៈដែលនិយាយថាការបញ្ឈប់ការប្រើប្រាស់ប្រេង និងឧស្ម័នជាបណ្តើរៗ គឺមានភាពចាំបាច់ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច និងថាមពល មិនមែនគ្រាន់តែដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះនោះទេ។
ជម្រាបជូនថា ផែនការផ្លាស់ប្តូរចេញពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ត្រូវបានព្រមព្រៀងគ្នាដោយប្រទេសជិត ២០០ នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ក្នុងឆ្នាំ២០២៣ មកម្លេះ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំ COP ជាបន្តបន្ទាប់បានបរាជ័យក្នុងការជំរុញការប្តេជ្ញាចិត្តនេះ ដោយសារតែការរារាំង និងកង្វះកិច្ចសហប្រតិបត្តិការពីក្រុមប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា ជាពិសេសអារ៉ាប៊ីសាអូឌីត៕

