ក្រសួងពាណិជ្ជកម្ម នៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញផលិតផលរបស់កម្ពុជា និងសម្របសម្រួលការចូលរួមរបស់វិស័យឯកជននៅក្នុងពាណិជ្ជកម្មអន្តរជាតិ។

នេះបើយោងតាមប្រសាសន៍របស់លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Shi Zhongjun អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្ថែមទៀតរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឍមណ្ឌលអាស៊ាន-ចិន កាលទី២៧ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងជំនួប លោក Shi Zhongjun បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងស្ថាប័នទាំងពីរនាពេលកន្លងមក ហើយថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដើម្បីដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់ប្រទេសសមាជិកអាស៊ាននៅក្នុងទីផ្សារប្រទេសចិន ដោយផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ វិស័យឯកជន អ្នកនាំចេញ និងក្រុមហ៊ុនអន្តរជាតិ តាមរយៈការធ្វើពិព័រណ៍ និងការផ្គូរផ្គងអាជីវកម្ម ជាដើម។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរដល់មជ្ឈមណ្ឌលអាស៊ាន-ចិនសម្រាប់ការបន្តជួយគាំទ្រ និងបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញផលិតផលរបស់កម្ពុជា និងសម្របសម្រួលការចូលរួមរបស់វិស័យឯកជននៅក្នុងពាណិជ្ជកម្មអន្តរជាតិ។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ មានការសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មទាំងនេះគឺជាឱកាសក្នុងការជួបពិភាក្សាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ព្រមទាំងអាចធ្វើការសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផ្គត់ផ្គង់ និងកត្តាទីផ្សារអន្តរជាតិបន្ថែមផ្សេងទៀតផងដែរ៕ អត្ថបទហ្សាលីន


