រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានសម្រេចបណ្តេញក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ ដែលមានសមាជិកសរុបជាង ២០ នាក់ចេញពីតំណែងទាំងអស់ ជុំវិញការការរុះរើស្ថាប័នឯករាជ្យទ្រង់ទ្រាយធំមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមប្រឹក្សាឯករាជ្យនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥០ ដើម្បីណែនាំអភិបាលកិច្ចនៃមូលនិធិវិទ្យាសាស្ត្រជាតិ និងដើម្បីផ្តល់ដំបូន្មានដល់ប្រធានាធិបតី រួមទាំងសភា លើគោលនយោបាយអំពីវិទ្យាសាស្ត្រ និងវិស្វកម្ម។
ក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ មានសមាជិកសរុបជាង ២០ នាក់ដែលត្រូវបានជ្រើសតាំងសម្រាប់អាណត្តិរយៈពេល ៦ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ២០២៥ មក លោក ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នឯករាជ្យ។ អ្នកជំនាញនយោបាយនិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិករូបនេះ កំពុងព្យាយាមរៀបចំស្ថាប័នទាំងនោះឡើងវិញ ដោយការតែងតាំងអ្នកស្មោះត្រង់ រួមទាំងការដកសំឡេងឯករាជ្យ និងអ្នករិះគន់ចេញ។
យ៉ាងណាមិញ សមាជិកក្រុមប្រឹក្សាពីររូប គឺលោកស្រី Yolanda Gil និងលោក Keivan Stassun បាននិយាយថា សមាជិកបច្ចុប្បន្នទាំង ២២ នាក់ នៃក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ ត្រូវបានបណ្តេញចេញភ្លាមៗ ដោយគ្មានហេតុផលណាមួយត្រូវបានជូនដំណឹងជាមុនឡើយ។
ជម្រាបជូនផងដែរថា ក្រៅពីក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ សកម្មភាពបណ្តេញបុគ្គលិកស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងនៅទូទាំងរដ្ឋាភិបាលសហព័ន្ធផងដែរ និងជាពិសេសទាក់ទងទៅនឹងកិច្ចការស្រាវជ្រាវវិទ្យាសាស្រ្ត៕

