CDC បើកកិច្ចប្រជុំពិភាក្សាលើរឿងចំនួន២ ដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន២ ដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការនៅតាមបណ្តារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស, និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងទប់ស្កាត់ការជ្រាបចូលនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។

នៅក្នុងកិច្ចប្រជុំនោះ​ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលបានចូលរួមទាក់ទាញវិនិយោគ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលខិតខំថែរក្សាសុខសុវត្ថិភាពដល់វិនិយោគិន ដែលការណ៍នេះបានចូលរួមចំណែកលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។ លោក ក៏បានលើកចិត្តដល់អគ្គលេខាធិការបានលើកឡើងថាកិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួនពីរ៖១. ការផ្សព្វផ្សាយច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” និង ២. ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

ឆ្លៀតឱកាសនោះ លោកអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗសំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញនូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន៕ អត្ថបទ៖ហ្សាលីន