សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ តាមរយៈអនុក្រឹត្យលេខ ២៣៨ អនក្រ.បក បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បំពេញមុខងារដឹកនាំនិងគ្រប់គ្រងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម មានអង្គភាពថ្នាក់ជាតិ អង្គភាពនិងមន្ត្រីក្រៅប្រទេស សហគ្រាសសាធារណៈ និងអង្គភាពថ្នាក់ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ជាសេនាធិការ។ ក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ក៏មានអគ្គនាយកដ្ឋានមួយ មានឈ្មោះថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ដែលហៅកាត់ថា “ក.ប.ប.”។
យោងតាមអនុក្រឹត្យខាងលើ ត្រង់ជំពូកទី៩ បានចែងថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” មានភារកិច្ចដូចខាងក្រោម៖
-ដឹកនាំ សម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ
-សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចបង្ក្រាបការធ្វើពាណិជ្ជកម្មក្លែងបន្លំ
-ការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់
-អនុវត្តច្បាប់និងបទប្បញ្ញត្តិតាមវិស័យពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង
-អនុវត្តផែនការសកម្មភាពសម្រាប់កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង
-គ្រប់គ្រងមន្ទីរពិសោធន៍របស់ក្រសួងពាណិជ្ជកម្ម
-គ្រប់គ្រងសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងរាជធានី ខេត្ត
-គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
-ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការទទួលបន្ទុក។
សូមជម្រាបថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” មាននាយកដ្ឋានចំណុះ ចំនួន ៣ រួមមាន៖ ១.នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ២.នាយកដ្ឋានកិច្ចការប្រកួតប្រជែង និង ៣.នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍។






