មកដឹងច្បាស់ពី តួនាទីរបស់ ក.ប.ប. ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពី​ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម។ តាមរយៈអនុក្រឹត្យលេខ ២៣៨ អនក្រ.បក បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បំពេញមុខងារដឹកនាំនិងគ្រប់គ្រងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស នៃព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម មានអង្គភាពថ្នាក់ជាតិ អង្គភាពនិងមន្ត្រីក្រៅប្រទេស សហគ្រាសសាធារណៈ និងអង្គភាព​ថ្នាក់​ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ជាសេនាធិការ។ ក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង​ពាណិជ្ជកម្ម ក៏មានអគ្គនាយកដ្ឋានមួយ មានឈ្មោះថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួត​ប្រជែង ដែលហៅកាត់ថា “ក.ប.ប.”។

យោងតាមអនុក្រឹត្យខាងលើ ត្រង់ជំពូកទី៩ បានចែងថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួត​ប្រជែង “ក.ប.ប.” មានភារកិច្ចដូចខាងក្រោម៖

-ដឹកនាំ សម្របសម្រួលការគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ​នឹងគុណភាព សុវត្ថិភាពម្ហូបអាហារ

-សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចបង្ក្រាបការធ្វើពាណិជ្ជកម្មក្លែងបន្លំ

-ការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់

-អនុវត្តច្បាប់និងបទប្បញ្ញត្តិតាមវិស័យពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង

-អនុវត្តផែនការសកម្មភាពសម្រាប់កម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង

-គ្រប់គ្រងមន្ទីរពិសោធន៍របស់ក្រសួងពាណិជ្ជកម្ម

-គ្រប់គ្រងសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងរាជធានី ខេត្ត

-គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច

-ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ

-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការទទួលបន្ទុក។

សូមជម្រាបថា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” មាននាយកដ្ឋានចំណុះ ចំនួន ៣ រួមមាន៖ ១.នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ២.នាយកដ្ឋានកិច្ចការប្រកួតប្រជែង និង ៣.នាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ទីរពិសោធន៍។