Sailun រួមចំណែកជួយឱ្យកម្ពុជា រកចំណូលពីការនាំចេញសំបកកង់រថយន្តជាង ៤៧០លានដុល្លារ ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ កើនឡើងជាង ៤២%

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញផលិតផលសំបកកង់រថយន្ត ឈានដល់ ប្រមាណ ៤៧២លានដុល្លារអាម៉េរិក កើនឡើង ៤២,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ​រោងចក្រសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ក៏បានរួមចំណែកផងដែរ។ នេះបើយោងតាមទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា កំពុងជំរុញការ​ធ្វើពិពិធកម្មទំនិញនាំចេញ ដោយផ្តោតលើផលិតផលឧស្សាហកម្មថ្មីៗ ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក សម្ភារ​អគ្គិសនី និងសំបកកង់រថយន្ត ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យវាយនភណ្ឌ និងកាត់ដេរ។ កត្តានេះបានធ្វើឲ្យ​ការនាំចេញផលិតផលទាំងនេះ មានកំណើនគួរឲ្យកត់សម្គាល់ ជាពិសេសផលិតផលសំបកកង់រថយន្ត។

ឧស្សាហកម្មផលិតសំបកកង់រថយន្ត គឺជាឧស្សាហកម្មថ្មីមួយដែលទើបលេចវត្តមាន​នៅកម្ពុជាក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយការរកចំណូលបានពីការនាំចេញ ប្រមាណ ១.៣៨០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ កើនឡើងពីចំនួនទឹកប្រាក់ ៨៧៤លានដុល្លារអាម៉េរិក នៅឆ្នាំ​២០២៤។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ច​ចំនួន៥ ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តស្វាយរៀង ដែលមានរោងចក្រដ៏ធំរបស់ Sailun។

វិស័យសំបកកង់ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជា​សសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្រធ្វើពិពិធកម្ម​ឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលគាំទ្រដល់មហិច្ឆតា​របស់ប្រទេសកម្ពុជា ក្នុងការសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមជម្រាបថា ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ ស្ទើរ ១០០% មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ៕