រាជររដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរួមគា្នផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសឱ្យកាន់តែទូលំទូលាយ។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងកាលកាលរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដ.ន.ស. និង ក.ប.ទ. និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ តំណាងប្រតិបត្តិករទូរគមនាគមន៍ និងវិស័យឯកជនប្រមាណ ៣៦០រូប នៅទីស្ដីការ ដ.ន.ស.។
រដ្ឋាភិបាល ជំរុញការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស គឺនឹងធ្វើឡើងតាមរយៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមរយៈការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស រួមមានស្ថានីយអង់តែនទូរសព្ទ ស្ថានីយអង់តែនក្នុងអគារ និងបណ្ដាញខ្សែកាបអុបទិក។ សិក្ខាសាលាថ្ងៃនេះ នឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវនិងបទដ្ឋានបច្ចេកទេសនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត។
ជាមួយគ្នានេះដែរ លោក ក៏បានលើកឡើងអំពីការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអាទិ៍ ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh លើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការរៀបចំប្រព័ន្ធអាសយដ្ឋាន ជាដើម។

សូមជម្រាបដែរថា តាមរយៈសិក្ខាសាលាខាងលើ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់អំពីការផ្តល់កិច្ចសហការជាមួយ ក.ប.ទ. ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍តាមរយៈការដាក់លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេស ក្នុងលិខិតអនុញ្ញាតសាងសង់ សំដៅសម្រេចបានគោលដៅនៃការពង្រឹងសេវាទូរគមនាគមន៍កាន់តែមានគុណភាពប្រសើរឡើង។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក.ប.ទ. ចំពោះសមិទ្ធផលជាសារវន្តនៃវិស័យឌីជីថល៕ អត្ថបទ៖ហ្សាលីន


