កាលពីថ្ងៃទី០៥ -០៦ ខែឧសភា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យដើម្បីពង្រឹងសហគមន៍នេសាទ នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

លោកបានគូសបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានសហគមន៍នេសាទសរុបចំនួន៦១ បានចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្មរួចរាល់ចំនួន៦០ ប៉ុន្តែមិនទាន់បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិកន្លែងសហគមន៍នេសាទជាតំបន់គ្រប់គ្រងជលផលនៅឡើយ។ ផែនការអាទិភាព គឺខណ្ឌជលផល និងមន្រ្តីពាក់ព័ន្ធត្រូវជួយរៀបឯកសារដើម្បីស្នើសុំចុះបញ្ជីប័ណ្ណកម្មសិទ្ធិ។
ជាមួយគ្នានេះដែរ សហគមន៍នេសាទចំនួន ២ ត្រូវបានជ្រើសរើសដើម្បីពង្រឹងការអនុវត្ត ក្លាយជាសហគមន៍នេសាទទំនើបគំរូ ៖ ១. សហគមន៍នេសាទអូរម្រះជា (ស.ន) ដែលបានទទួលការជួយគាំទ្រដោយគម្រោង ស្តីពី “ការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះដែលហៅថា “គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)” ។ទី២. សហគមន៍នេសាទត្បូងខ្លា ជាសហគមន៍នេសាទ មានសក្តានុពលសម្រាប់បង្កើតអេកូទេសចរណ៍ជលផល ដែលតម្រូវឱ្យមានការគាំទ្រពីដៃគូពាក់ព័ន្ធ បច្ចុប្បន្ននៅមិនទាន់មានការជួយគាំទ្រនៅឡើយ។

លោកបានឱ្យដឹងទៀតថា រីឯនៅខេត្តក្រចេះ សហគមន៍នេសាទសរុប៦៨ បានចុះបញ្ជីទទួលស្គាល់នៅក្រសួងកសិកម្មចំនួន៦៤ ក្នុងនេះបានចុះបញ្ជីប័ណ្ណកម្មសិទ្ធិ៤ សហគមន៍នេសាទ។ រីឯ សហគមន៍នេសាទ នៅសល់ត្រូវបន្តស្នើសុំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជាផែនការអាទិភាព។ ទន្ទឹមនឹងនេះ សហគមន៍នេសាទចំនួន២ ត្រូវបានជ្រើសរើស សម្រាប់ពង្រឹងការអនុវត្តដើម្បីក្លាយជា ស.ន ទំនើបគំរូ រួមមាន៖ ១. សហគមន៍នេសាទកាំពីជា ស.ន បានជួយគាំទ្រពង្រឹងសមត្ថភាពដោយគម្រោង SFC FAO-ROK និងបង្កើតមុខរបរបន្ថែមជាអេកូទេសចរណ៍នៅបឹងរំអិល ទទួលបានសម្ភារៈប្រើប្រាស់ និងផ្ទះស្នាក់ចំនួន៣ ដែលការសាងសង់ទាំងអស់នេះនឹងត្រូវបញ្ចប់ក្នុងអំឡុងខែមិថុនាខាងមុខនេះ។ ទី២ សហគមន៍នេសាទទំនប់បាក់ បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិរួចហើយ មានសក្តានុពលអេកូទេសចរណ៍ជលផលជាសំខាន់ផងដែរ ដោយមានទីតាំងទឹកធ្លាក់និងព្រៃលិចទឹកសម្រាប់ភ្ញៀវលេងកំសាន្ត ប៉ុន្តែនៅមិនទាន់មានដៃគូជួយគាំទ្រនៅឡើយ។
លោកបន្ថែមថា ដូច្នេះតម្រូវការចាំបាច់ គឺចុះជួយសម្របសម្រួលជាមួយសហគមន៍ក្នុងការរៀបចំដំណើរការអេកូទេសចរណ៍ជលផល ជាផែនការអាទិភាព សម្រាប់ឆ្នាំ២០២៦ និង២០២៧៕



