ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ បានអនុម័តប្រាក់កម្ចីសង្គ្រោះបន្ទាន់មួយដែលមានចំនួន ១២,២ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមមជ្ឈិមបូព៌ា ដែលនេះត្រូវបានចាត់ទុកថាជាផែនការខ្ចីប្រាក់ដ៏ធំបំផុតមួយរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

គណៈរដ្ឋមន្ត្រីបាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និងបន្ធូរបន្ថយការលំបាកផ្នែកសេដ្ឋកិច្ច ខណៈពេលដែលអតិផរណាកើនឡើង និងកំណើនយឺត ដោយក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនមកត្រឹម ១,៦% ពី ២,៤% កាលពីឆ្នាំមុន។
ប្រាក់កម្ចីប្រហែល ៤០០ពាន់លានបាត នឹងត្រូវចែកចាយ ចាប់ពីខែមិថុនាដល់ខែកញ្ញា ហើយរួមបញ្ចូលជំនួយសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបជាង ២០ លាននាក់ ក្រោមគម្រោង “ថៃជួយថៃ” របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការចំណាយលើការរស់នៅ។
កម្ចីនេះ ក៏នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រលើវិស័យថាមពលជំនួសផងដែរ។នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
គួរជម្រាបជូនថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ បានធ្វើឱ្យការផ្គត់ផ្គង់ពលសកលធ្លាក់ចុះ ដែលបណ្តាលឱ្យតម្លៃប្រេង និងឧស្ម័ន រូមទាំងការដឹកជញ្ជូន និងទំនិញប្រើប្រាស់កើនឡើងយ៉ាងខ្លាំង៕

