តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ ហក់ឡើងជាង ២ ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយការធ្លាក់ចុះស្តុកប្រេងនៅអាមេរិក

អន្តរជាតិ

តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានកើនឡើងជាង ២ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃពុធ ទី ២១ ខែធ្នូ បន្ទាប់ពីទិន្នន័យ បានបង្ហាញពីការធ្លាក់ចុះស្តុកប្រេងឆៅដ៏ធំរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងលើទីផ្សារអន្តជាតិបានបង្ហាញថា តម្លៃប្រេងមានកើនឡើង ២,២១ ដុល្លារ ឬឡើង ២,៧៦% ដែលនាំឱ្យតម្លៃប្រេងលក់ចេញ ៨២,២០ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមមិ្សលមិញនេះ។ ដោយឡែកចំពោះតម្លៃប្រេងលក់ដោយក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានកើនឡើង ២,០៦ ដុល្លារ ឬកើន ២,៧% ជាមួយតម្លៃលក់ចេញ ៧៨,២៩ ដុល្លារ ក្នុងមួយបារ៉ែល ។

យ៉ាងណាមិញ យោងតាមទិន្នន័យទទួលបានពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានបង្ហាញឱ្យដឹងថា ស្តុកប្រេងឆៅរបស់ប្រទេសខ្លួន បានធ្លាក់ចុះចំនួន ៥,៨៩ លានបារ៉ែល ធៀបនឹងការធ្លាក់ចុះ ដែលធ្លាប់បានប៉ាន់ស្មានត្រឹម ១,៦៦ លានបារ៉ែល នៅក្នុងសប្តាហ៍ ដែលបិទបញ្ចប់ ត្រឹមថ្ងៃទី ១៦ ខែធ្នូនេះ។

ទន្ទឹមនេះ តម្លៃប្រេងលើទីផ្សារអន្តរជាតិ ទំនងអាចនឹងបន្តកើនឡើងបន្ថែម បន្ទាប់ពីប្រទេសចិន អាចនឹងមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ ១៩ របស់ខ្លួន ដែលជាហេតុនឹងធ្វើឱ្យតម្រូវការប្រេង មានការកើនឡើង នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំមួយនេះ ។

ជាការពិតណាស់​ ចិនបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើតម្លៃប្រេង ដោយសារតែប្រទេសនេះ មានការនាំចូលប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសរុស្ស៊ី ខណ:កាលពីខែវិច្ឆិកាកន្លងទៅ ការនាំចូលប្រេងរបស់ចិន បានកើនឡើងដល់ ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ ។

យ៉ាងណាមិញ ចំពោះតម្លៃអាប់ដេតចុងក្រោយនេះ នៅតែមានចំនួនទាបប៉ុណ្ណោះ ខណ:តម្លៃប្រេងលើទីផ្សារអន្តរជាតិ ធ្លាប់បានហក់ឡើងដល់កម្រិតដ៏ខ្ពស់បំផុត កាលពីខែមីនា ដល់ ១៤៧ ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីរុស្ស៊ី បានធ្វើការលុកលុយទៅលើប្រទេសអ៊ុយក្រែន ៕