នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយកាលពីថ្ងៃទី៦ ខែឧសភាថា អូស្ត្រាលី នឹងចំណាយទឹកប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើប្រមាណ ៧,២២ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញស្តុកប្រេងជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Albanese បាននិយាយទៀតថា ស្តុកប្រេងឥន្ធនៈ និងទុនបម្រុងដែលនឹងត្រូវពង្រីកនេះ អាចផ្ទុកប្រេងសរុបប្រហែល ១ ពាន់លានលីត្រ (២៦៤ លានហ្គាឡុង) នឹងធានាថា អូស្ត្រាលីអាចរក្សាទុកប្រេងឥន្ធនៈយ៉ាងហោចណាស់ ៥០ថ្ងៃ ដើម្បីការពារប្រទេសពីវិបត្តិផ្គត់ផ្គង់នាពេលអនាគត។
គួរឲ្យដឹងថា ប្រទេសអូស្ត្រាលីនាំចូលប្រេងឥន្ធនៈប្រហែល ៨០% នៃប្រេងសរុបរបស់ខ្លួន ហើយបានជួបប្រទះនឹងការខ្វះខាតក្នុងស្រុក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅមជ្ឈិមបូព៌ា។ ទុនបម្រុងបច្ចុប្បន្នរបស់ប្រទេសនេះ មានការផ្គត់ផ្គង់បានប្រហែលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ ខណៈភាគច្រើនត្រូវពឹងផ្អែកលើស្តុកដែលរក្សាទុកដោយក្រុមហ៊ុនឯកជន។
ជម្រាបជូនទៀតថា កញ្ចប់ថវិកាចំនួន ១០ពាន់លានដុល្លារអូស្ត្រាលីនេះ នឹងរួមបញ្ចូលថវិកាចំនួន ៣,២ពាន់លានដុល្លារអូស្ត្រាលី សម្រាប់ទុនបម្រុងប្រេងឥន្ធនៈ ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្តុកប្រេងម៉ាស៊ូត ក៏ដូចជាប្រេងឥន្ធនៈអាកាសចរណ៍រយៈពេលវែង ផងដែរ៕

