ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងដាក់ពន្ធគយរហូតដល់ ២០០% លើស្រាក្រហម (Wine) និងស្រាសំប៉ាញរបស់ប្រទេសបារាំង ដើម្បីដាក់សម្ពាធឲ្យប្រធានាធិបតីលោក Macron ចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៩ ខែមករា នៅទីក្រុង Miami រដ្ឋ Florida លោក ត្រាំ ត្រូវបានអ្នកយកព័ត៌មានសួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ថាលោកនឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ដែលមានគោលបំណងដោះស្រាយជម្លោះនៅជុំវិញពិភពលោកនោះឡើយ។
ជុំវិញបញ្ហានេះ លោក ត្រាំ បានឆ្លើយថា ៖”តើគាត់បាននិយាយបែបនោះមែនទេ? គ្មាននរណាម្នាក់ចង់ឱ្យគាត់ពាក់ព័ន្ធលើរឿងនេះទេ ព្រោះគាត់នឹងចាកចេញពីតំណែងឆាប់ៗនេះ។ ហើយប្រសិនបើគាត់នៅតែរ៉ឹងរូសខ្លាំង ខ្ញុំនឹងដាក់ពន្ធ ២០០% លើស្រាក្រហម និងស្រាសំប៉ាញរបស់បារាំង”។
យ៉ាងណាមិញ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់លោក ត្រាំ បែបនេះ សារព័ត៌មាន AFP បានដកស្រង់សម្តីរបស់មន្រ្តីម្នាក់ដែលជិតស្និទ្ធទៅនឹងលោក Macron ដោយបាននិយាយថា ការគំរាមកំហែងនៃការយកពន្ធគយ ២០០% នេះ គឺជារឿងមិនអាចទទួលយកបាន និងគ្មានប្រសិទ្ធភាពនោះឡើយ។
ជម្រាបជូនផងដែរថា ប្រធានាធិបតី លោក ត្រាំ បានលើកឡើងពីគំនិតនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពមួយ នៅពេលប្រកាសផែនការរបស់លោកដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងខែកញ្ញា ឆ្នាំ២០២៥។ ក្នុងនោះប្រធានាធិបតីអាមេរិក បានពិពណ៌នាថាវាជាក្រុមប្រឹក្សាដ៏អស្ចារ្យ និងមានកិត្យានុភាពបំផុតដែលមិនធ្លាប់មាន។ ហើយការអញ្ជើញឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សានេះ ត្រូវបានផ្ញើទៅកាន់ប្រទេសប្រហែល ៦០៕

