ឧកញ៉ាបណ្ឌិត លី រិទ្ធ តំណាងសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ​របស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់​អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្ដីការក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋាន​គណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូត​សម្រេច​បានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសក្នុងការបណ្តុះបណ្តាល​បង្កើន​សមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជី​វិស្វករ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវិស្វកម្ម នៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។

អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាព​ការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុច​ខ្វះខាត ដោយធ្វើយ៉ាងណាជួយឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បំពេញបេសកកម្មរបស់ខ្លួនកាន់​តែមាន​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឯកឧត្តម ហេង សួរ ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានផ្ដល់នូវអនុសាសន៍​ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករ​ចុះបញ្ជីដំបូងមិនបន្តចុះបញ្ជីជាវិស្វករ​អាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និង​ខិតខំបញ្ចុះបញ្ចូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជី​សម្រាប់វិស្វករដំបូង និងអាជីព។