ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ពេលឲ្យសហភាពអឺរ៉ុប (EU) រហូតដល់ថ្ងៃទី៤ ខែកក្កដា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ បើមិនដូច្នោះទេពន្ធនាំចូលនឹងត្រូវបានបង្កើនដល់កម្រិតខ្ពស់ជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីពេលថ្មីៗនេះ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា លោកកំពុងរង់ចាំដោយអត់ធ្មត់សម្រាប់សហភាពអឺរ៉ុប ដើម្បិបំពេញផ្នែករបស់ពួកគេ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្ត ដែលសម្រេចបានកាលពីខែកក្កដា ឆ្នាំមុន ។
លើសពីនេះ ប្រធានាធិបតីអាមេរិករូបនេះ បនសង្កត់ធ្ងន់ទៀតថា ៖” សហភាពអឺរ៉ុប បានប្តេជ្ញាកាត់បន្ថយការនាំចូលរបស់ពួកគេល់សូន្យ។ ខ្ញុំកំពុងទុកពេកឲ្យពួកគេរហូតដល់ថ្ងៃនៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក បើមិនដូច្នោះទេ ពន្ធនាំចូលនឹងកើនឡើងដល់កម្រិតខ្ពស់ជាងនេះភ្លាមៗ”។
គួរឲ្យដឹងថា ចុងសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធនាំចូលលើរថយន្តពីសហភាពអឺរ៉ុប ពី ១៥% ទៅ ២៥% ដោយសារតែការមិនអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្លុកនេះ។ ក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុប ត្រូវបានតម្រូវឱ្យកាត់បន្ថយពន្ធលើទំនិញឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមកត្រឹម ០% និងដាក់កូតាមិនគិតពន្ធលើផលិតផលកសិកម្ម និងអាហារសមុទ្រមួយចំនួនរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វឌ្ឍនភាពក្នុងការអនុម័តច្បាប់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ នៅក្នុងសភាអឺរ៉ុប ហាក់មានភាពយឺតយ៉ាវខ្លាំង ចំពែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា លោកស្រីមានកិច្ចពិភាក្សាជាមួយលោក ត្រាំ បន្ថែម ជុំវិញបញ្ហាទាំងនេះ៕

