កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានព្រមានថា ខ្លួននឹងកំណត់គោលដៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើនាវាដឹកទំនិញរបស់ពួកគេ នៅតែបន្តវាយប្រហារដោយអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

IRGC បានប្រកាសកាលពីថ្ងៃទី៩ ខែឧសភាថា ការវាយប្រហារណាមួយលើនាវាដឹកប្រេង និងនាវាដឹកទំនិញរបស់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខទៅនឹងការសងសឹកវិញយ៉ាងខ្លាំងក្លា រួមទាំងការវាយប្រហារលើនាវា និងទីតាំងយោធារបស់អាមេរិក នៅក្នុងតំបន់ផងដែរ។
យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើនាវាដឹកប្រេងពីរគ្រឿងរបស់ទីក្រុងតេអេរ៉ង់ នៅឈូងសមុទ្រអូម៉ង់។
កងទ័ពអាកាស IRGC បានព្រមានទៀតថា មីស៊ីល និងយន្តហោះគ្មានមនុស្សបើកកំពុងត្រៀមរួចជាស្រេចហើយ ដោយកំពុងរង់ចាំបញ្ជាដើម្បីវាយប្រហារ។
យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ក្នុងអំឡុងពេលនិយាយតាមទូរស័ព្ទជាមួយសមភាគីទួរគីរបស់គាត់ថា ការកើនឡើងនៃភាពតានតឹងថ្មីៗនេះដោយកងកម្លាំងអាមេរិកនៅឈូងសមុទ្រពែរ្ស រួមជាមួយនឹងការរំលោភជាច្រើនលើបទឈប់បាញ់ បានបង្កើនការសង្ស័យអំពីហេតុផល និងភាពធ្ងន់ធ្ងររបស់ភាគីអាមេរិក ក្នុងការខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព។
កាលពីសប្តាហ៍មុន ទីក្រុងតេអេរ៉ង់បានដាក់សំណើចំនួន ១៤ ចំណុចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែវាមិនបានដោះស្រាយការទាមទារសំខាន់ៗរបស់សហរដ្ឋអាមេរិកទេ ដូចជាការបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរបស់អ៊ីរ៉ង់ និងការបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង ដែលជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រដែលដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំរបស់ពិភពលោកមុនពេលមានជម្លោះ។ បន្ទាប់មក ទីក្រុងវ៉ាស៊ីនតោនបានផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់ទីក្រុងតេអេរ៉ង់ ហើយកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់៕

