ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ក្រុមហ៊ុនបរទេសទាំងអស់ឲ្យគោរពលើច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីភ្នាក់ងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានឆ្មក់ចូល និងចាប់ខ្លួនកម្មករកូរ៉េខុសច្បាប់ ៣០០នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅលើការបង្ហោះសារមួយក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៧ ខែកញ្ញា លោក ត្រាំ បាននិយយាថា ៖” បន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍នៅរោងចក្ររបស់ Hyundai ក្នុងរដ្ឋ Georgia មក ខ្ញុំសូមអំពាវនាវឲ្យក្រុមហ៊ុនបរទេសទាំងអស់ដែលវិនិយោគនៅសហរដ្ឋអាមេរិក គោរពច្បាប់អន្តោប្រវេសន៍របស់យើង”។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីវិលត្រលប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកវិញ លោក ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាប និងនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងសទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះដែរទីភ្នាក់ងារ ICE បានក្លាយជាកម្លាំងជំរុញដ៏សំខាន់ ដែលទទួលបន្ទុកក្នុងកិច្ចការងារនេះ។
ជម្រាបជូនផងដែរថា កាលពីថ្ងៃទី៤ ខែកញ្ញាកន្លងទៅ ICE និងទីភ្នាក់ងារពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក បានឆ្មក់ចូលរោងចក្រផលិតអាគុយរបស់ក្រុមហ៊ុន Hyundai និង LG ក្នុងរដ្ឋ Geogia ដោយចាប់ខ្លួនកម្មករខុសច្បាប់ចំនួន ៤៥៧ នាក់ រួមទាំងពលរដ្ឋកូរ៉េជាង ៣០០ នាក់ផងដែរ៕

