កម្ពុជា និងតួកម៉ានីស្ថាន គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នាពេលឆាប់ៗ ខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍ កាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក AHMET Gurbanov បានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន។
លោក ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងវិស័យទេសចរណ៍បន្ថែមទៀត។ លោក ក៏បានជម្រាបពីសក្តានុពលទេសចរណ៍របស់តួកម៉ានីស្ថានដែលរួមមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ព្រមទាំងទេសចរណ៍បែបវេជ្ជសាស្រ្តដែលផ្សារភ្ជាប់ការព្យាបាលតាមបែបធម្មជាតិ។

ជាកិច្ចឆ្លើយតប លោក ហួត ហាក់ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកម៉ានីស្ថាន ដែលបានរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោកក៏បានស្នើឱ្យភាគីតួកម៉ានីស្ថាន ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាទៅកាន់ប្រជាជនតួកម៉ានីស្ថានផងដែរ។
តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍តួកម៉ានីស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកម៉ានីស្ថាន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៩៥ ហើយក្នុងរយៈពេលចុងក្រោយនេះ ភាគីទាំងពីរបានបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ផងដែរ។៕ អត្ថបទ៖ហ្សាលីន

