ក្រុមហ៊ុន Hubei Dinglong របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតបន្ទះឈីប បានឃើញភាគហ៊ុនរបស់ខ្លួន កើនឡើងជិត ១១៦% ក្នុងរយៈពេលមួយឆ្នាំកន្លងមនេះ ដែលធ្វើឲ្យសហស្ថាបនិក លោក Zhu Shuangquan និង Zhu Shunquan ក្លាយជាមហាសេដ្ឋីព្រមគ្នា។

លោក Shuangquan ដែលជាប្រធានក្រុមហ៊ុន និងប្អូនប្រុសរបស់លោក ឈ្មោះ Shunquan ដែលបម្រើការជានាយកប្រតិបត្តិ កាន់កាប់ភាគហ៊ុនប្រហែល ១៥% ម្នាក់ នៅក្នុងក្រុមហ៊ុន។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថាជុំវិញការកើនឡើងនៃភាគហ៊ុននេះ បានធ្វើឲ្យបងប្អូនត្រកូល Zhu ទាំងពីររូបនេះ កើនឡើងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រមាណ ១,៣ពាន់លានដុល្លារ ម្នាក់ ដោយផ្នែកលើតម្លៃទីផ្សារហ៊ុនដែលបានបិទកាលពីសប្តាហ៍មុន។
គួរជម្រាបជូនថា ក្រុមហ៊ុន Hubei Dinglong ដែលមានមូលដ្ឋាននៅទីក្រុង Wuhan ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិករបស់ប្រទេសចិន ក្នុងនាមជាអ្នកផ្គត់ផ្គង់តែមួយគត់របស់ប្រទេស ដែលគ្របដណ្តប់លើការប៉ូលាមេកានិចគីមី ឬ CMP ពេញលេញ ដែលជាដំណើរការធ្វើឲ្យផ្ទៃស៊ីលីកុនរលោង ដើម្បីងាយស្រួលរចនាបន្ទះឈីបជាស្រទាប់ៗ៕

