វៀតណាម បានចំណាយទឹកប្រាក់ជិត ៩៤៣លានដុល្លារ ក្នុងការនាំចូលគ្រាប់ស្វាយចន្ទីឆៅ នៅក្នុងខែមេសាតែមួយ បើទោះបីជាប្រទេសនេះ ត្រូវបានចាត់ទុកជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេបំផុតរបស់ពិភពលោកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រសួងកសិកម្ម និងបរិស្ថាន ក្នុងខែមេសា វៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីប្រហែល ៥៤៣ ១០០ តោនដែលមានតម្លៃជិត ៩៤៣លានដុល្លារ។ នេះគឺជាកម្រិតនាំចូលដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលត្រឹមតែមួយខែ។
គួរឲ្យដឹងថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦ នេះអាជីវកម្មក្នុងស្រុកបានចំណាយទឹកប្រាក់ជិត ២,២ពាន់លានដុល្លារ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីចំនួន ១,៣ លានតោន ដែលកើនឡើង ២៣% នៃបរិមាណ និង ៣២% នៃតម្លៃ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃនាំចូលជាមធ្យមបានឈានដល់ជិត ១ ៧០៤ដុល្លារក្នុងមួយតោន ដែលកើនឡើង ៧,៦%។
ផ្ទុយទៅវិញ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាម ហាក់កំពុងបង្ហាញសញ្ញានៃការថយចុះ ដោយក្នុងនៅក្នុងខែមេសាតែមួយ ប្រទេសនេះ បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦១ ១០០ តោន រកចំណូលបាន ៤៣៣លានដុល្លារ។ ហើយសម្រាប់រយៈពេលបួនខែដំបូងនៃឆ្នាំនេះ ចំណូលនាំចេញបានឈានដល់ ១,៣ពាន់លានដុល្លារ ជាមួយនឹងបរិមាណប្រហែល ១៨៦ ៦០០ តោន។
យោងតាមសមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) បច្ចុប្បន្នប្រទេសវៀតណាម មានចំនួនប្រហែល ៨០% នៃការនាំចេញគ្រាប់ស្វាយចន្ទីទូទាំងពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មគ្រាប់ស្វាយចន្ទីក្នុងស្រុកភាគច្រើនមានភាពរឹងមាំតែក្នុងការកែច្នៃប៉ុណ្ណោះ ខណៈពេលដែលប្រភពវត្ថុធាតុដើមក្នុងស្រុកបំពេញតម្រូវការផលិតកម្មបានត្រឹមតែផ្នែកតូចមួយ។
គួរជម្រាបជូនថា យោងតាមក្រសួងកសិកម្ម និងបរិស្ថាន កម្ពុជានៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីធំជាងគេទៅកាន់ប្រទេសវៀតណាម ដែលមានចំនួន ៥១,៧% នៃតម្លៃនាំចូលសរុប។ បន្ទាប់មកគឺប្រទេសតង់ហ្សានី ដែលមាន ១៩,៩% ប្រទេសកូតឌីវ័រ ដែលមាន ១១,៩% និងប្រទេសនីហ្សេរីយ៉ា មាន ១,៩%៕

