វិចិត្រសាល Apollo នៃសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងដែលគ្រឿងអលង្ការមកុដមានតម្លៃជាង ៨៨លានអឺរ៉ូ (១០០លានដុល្លារ) ត្រូវបានគេលួចយកទៅកាលពីឆ្នាំ២០២៥ នឹងបើកឡើងវិញជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា បើទោះបីជាបើកដំណើរការឡើងវិញដ៏ដោយ គ្រឿងអលង្ការមានតម្លៃ និងបុរាណៗ នឹងមិនត្រូវបានដាក់តាំងបង្ហាញទៀតនោះឡើយ ហើយនឹងត្រូវដាក់ជំនួសដោយរូបគំនូរវិញ។
រំឮកផងដែរថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ចោរប្លន់ដែលក្លែងខ្លួនជាកម្មករសំណង់បានចូលទៅក្នុងវិចិត្រសាលនៃសារមន្ទីរ Louvre ដោយប្រើជណ្តើរយន្តដែលដាក់លើឡានដឹកទំនិញនៅពេលព្រឹក ហើយបានលួចគ្រឿងអលង្ការមកុដចំនួនប្រាំបី មានតម្លៃរាប់រយលានដុល្លារ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញវិញនៅឡើយទេ។
ជម្រាបជូនថា ការលួចចូលសារមន្ទីរ Louvre បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងបានបង្ហាញពីកំហុសសន្តិសុខដ៏សំខាន់នៅសារមន្ទីរដែលមានអ្នកទស្សនាច្រើនបំផុតរបស់ពិភពលោកមួយនេះ ដោយមួយឆ្នាំៗ មានមនុស្សប្រហែលប្រាំបួនលាននាក់ឯណោះបានទៅទស្សនា៕

