មហាសេដ្ឋីមានបំផុតទាំងប្រាំរូបនៅកូរ៉េខាងត្បូង បានបង្កើនទ្រព្យសម្បត្តិសរុបរបស់ពួកគេដល់ចំនួន ២០,១ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung បានកើនឡើងជិតបីដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោក Lee ប្រធានក្រុមហ៊ុន Samsung Electronics បានឡើងកាន់តំណែងជាអ្នកមានបំផុតរបស់កូរ៉េខាងត្បូងវិញ បន្ទាប់ពីបាត់បង់តំណែងកំពូលនេះ កាលពីឆ្នាំមុន។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២១,៥ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៧,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ លោក Michael Byung-ju Kim ស្ថាបនិកក្រុមហ៊ុន MBK Partners ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយទ្រព្យសម្បត្តិសរុបកើនឡើងដល់ ៩,៩ពាន់លានដុល្លារ ពីចំនួន ៩,៥ពាន់លានដុល្លារ នៅឆ្នាំមុន។
ដោយឡែកលោក Seo Jung-jin សហស្ថាបនិកក្រុមក្រុមហ៊ុនជីវឱសថ Celltrion បានឃើញទ្រព្យសម្បត្តិសរុបខ្លួនកើនឡើងពី ៦,៣ពាន់លានដុល្លារ ដល់ចំនួន ៨,១ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ៣។
ជាមួយគ្នានេះ លោក Cho Jung-ho ប្រធានក្រុមហ៊ុន Meritz Financial Group ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ ៨ពាន់លានដុល្លារផងដែរនៅឆ្នាំនេះ។ ចំណាត់ថ្នាក់ចុងក្រោយ គឺធ្លាក់ទៅលើលោកស្រី Lee Boo-jin ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Kun-hee ជាមួយទ្រព្យសម្បត្តិកើនឡើងពី ៣,១ពាន់លានដុល្លារ ដល់ ៧,៩ពាន់លានដុល្លារ នៅឆ្នាំនេះ៕

