រដ្ឋសភា សម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃ១២ ខែ ឧសភាឆ្នាំ ២០២៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលមានសមាជិកសមាជិកាចំនួន ១១៤ រូបចូលរួម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖

១-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ។សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មុននឹងបញ្ជូនមកកាន់សភា។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិផងដែរ៕

រូបភាព៖ ក្រសួងព័ត៌មាន