សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការរំលឹកដល់រាជរដ្ឋាភិបាល កម្ពុជា សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រតែម្តងទៅ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)»។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។

ហេតុនេះ សម្តេចតេជោ បានលើកឡើងបន្ថែមថា៖« ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។
ជាថ្មីម្តងទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ដែរថា កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ សម្តេចក៏បានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឱ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ៕ អត្ថបទ៖ហ្សាលីន

