អភិបាលរដ្ឋញ៉ូវយ៉ក កំពុងពិចារណាដាក់ពន្ធថ្មីលើពាណិជ្ជករដែលចំណាយទឹកប្រាក់ច្រើនជាងមួយលានដុល្លារជាសាច់ប្រាក់ ដើម្បីទិញផ្ទះ ក្នុងកិច្ចខិតខំប្រឹងប្រេងដើម្បីបង្កើនប្រាក់ចំណូលរដ្ឋ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី១៤ ខែឧសភា ថា វិធីសាស្ត្រយកពន្ធថ្មីនេះ គឺកំពុងស្ថិតក្រោមការពិចារណារបស់អ្នកតាក់តែងច្បាប់សម្រាប់ផ្ទះដែលទិញដោយសាច់ប្រាក់ ខណៈផែននេះរំពឹងថានឹងអាចបង្កើតប្រាក់ចំណូលបានជាង ១៦០លានដុល្លារសម្រាប់ទីក្រុងញូវយ៉ក។
យ៉ាងណាមិញ អភិបាលរដ្ឋ លោកស្រី Kathy Hochul បានបង្ហាញឲ្យដឹងទៀតថា ព័ត៌មានលម្អិតអំពីផែនការយកពន្ធថ្មីលើប្រតិបត្តិការទិញផ្ទះជាសាច់ប្រាក់នេះ នឹងត្រូវបានគូសបញ្ជាក់នៅក្នុងច្បាប់ថវិកាចុងក្រោយ។
ទន្ទឹមនឹងនេះ ប្រធានសភាញូវយ៉ក លោក Carl Heastie បាននិយាយផងដែរថា ពន្ធថ្មីនេះគឺជាផ្នែកមួយនៃផែនការដើម្បីជួយទីក្រុងញូវយ៉កកាត់បន្ថយឱនភាពថវិការបស់ខ្លួន។ ស្របពេលលោក James Skoufis សមាជិកនៃគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភារដ្ឋញូវយ៉ក ក៏បានបញ្ជាក់ផងដែរថា សភានីតិបញ្ញត្តិបានពិភាក្សាអំពីជម្រើសនេះរួចរាល់ហើយផងដែរ។
គួរជម្រាបជូនផងដែរ ចំនួននៃការទិញផ្ទះជាសាច់ប្រាក់នៅក្នុងទីក្រុងញូវយ៉កកំពុងកើនឡើងយ៉ាងខ្លាំង ដោយសារតែការកើនឡើងនៃថ្លៃប្រាក់កម្ចីទិញផ្ទះ ដែលធ្វើឱ្យមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ពីធនាគារ។ នៅក្នុងទីផ្សារអចលនទ្រព្យដែលមានការប្រកួតប្រជែងខ្ពស់ដូចជាទីក្រុងញូវយ៉ក ការទូទាត់ជាសាច់ប្រាក់ក៏ជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកលក់ផងដែរ ដោយសារដំណើរការប្រតិបត្តិការលឿនជាងមុន និងមានហានិភ័យតិចជាងការរង់ចាំការអនុម័តប្រាក់កម្ចីពីធនាគារ៕

