ឥណ្ឌា ទាមទារឲ្យមេធំ Facebook ចេញមុខសុំទោសជុំវិញការលុបវីដេអូនាយករដ្ឋមន្ត្រី Modi ចេញ

អន្តរជាតិ

សភាឥណ្ឌាបានទាមទារឲ្យលោក Mark Zuckerberg ចេញមុខសុំទោសបន្ទាប់ពីបណ្តាញសង្គម Facebook បានលុបវីដេអូរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ចេញជាបណ្តោះអាសន្នអស់រយៈពេលពីរ បីម៉ោង កាលពីចុងខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានRT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ជុំវិញភាពចម្រូងចម្រាសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា នៅពេលដែលវីដេអូរបស់នាយករដ្ឋមន្ត្រី លោក Modi កំពុងថ្លែងផ្ញើសារទៅកាន់យុវជនឥណ្ឌា ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook ប្រាំថ្ងៃមុន ស្រាប់តែបាត់ទៅវិញ។ អ្នកប្រើប្រាស់ដែលព្យាយាមចូលមើលវាត្រូវបានគេជូនដំណឹងថាខ្លឹមសារនេះត្រូវបានដាក់កម្រិតនៅក្នុងប្រទេសឥណ្ឌា ដោយសារតែតម្រូវការផ្នែកច្បាប់។

គួរឲ្យដឹងថាវីដេអូនោះ មានគោលបំណងដើម្បីបន្ធូរបន្ថយមតិសាធារណៈនៅក្នុងប្រទេសឥណ្ឌា ចំពេលមានរឿងអាស្រូវនៃការលេចធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ។ លោក Modi បានសន្យាថានឹងរឹតបន្តឹងវិធានការសន្តិសុខប្រឡង និងធ្វើឱ្យអ្នកដែលទទួលខុសត្រូវ ត្រូវទទួលខុស ហើយបានប្រកាសថាលោកបានដឹកនាំការអភិវឌ្ឍគម្រោង “តុលាការរហ័ស” មួយ ដើម្បីដោះស្រាយបុគ្គលដែលរំលោភបំពានលើច្បាប់។

ប៉ុន្តែ នៅត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីវីដេអូនោះបានចេញផ្សាយ ស្រាប់តែបានបាត់ចេញ ហើយក្រោយមក Meta បានស្ដារវាឡើងវិញ ហើយបានពន្យល់ថាវាជាកំហុសបច្ចេកទេស។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌានៅតែទាមទារការពន្យល់ជាលាយលក្ខណ៍អក្សរពី Meta និងស្នើឲ្យមានការចេញមុខសុំទោសពីសំណាក់នាយកប្រតិបត្តិ លោក Mark Zuckerberg ផងដែរ។

ជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែល Meta ជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសជាមួយរដ្ឋាភិបាលឥណ្ឌា។ កន្លងមក លោក Mark ក៏ធ្លាប់បានចេញមុខសុំទោសផងដែរ ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៤ នៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន ឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ Meta ដែលមានអ្នកប្រើប្រាស់ Facebook ជាង ៣៦២ លាននាក់ អ្នកប្រើប្រាស់ Instagram ៥០១ លាននាក់ និងអ្នកប្រើប្រាស់ WhatsApp ៨៣៧ លាននាក់៕​