អាមេរិកព្រមានលោក ពូទីន៖ គួរតែឈរនៅឲ្យឆ្ងាយពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក

អន្តរជាតិ

ថ្មីៗនេះលោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា ខ្លួនចង់ឲ្យលោកប្រធានាធិបតី ចូ បៃឌិន ឡើងកាន់តំណែងមួយអាណត្តិទៀត ដោយហេតុថាងាយស្រួលធ្វើការជាមួយគ្នា ជាជាងលោក ដូណាល់ ត្រាំ ខណៈសហរដ្ឋអាមេរិកបានចេញមុខព្រមានតបទៅកាន់លោក ពូទីន វិញថា៖ “គួរតែឈរនៅឲ្យឆ្ងាយពីការបោះឆ្នោតរបស់ពួកយើងទៅ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៥ ខែកុម្ភៈ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ លោកពូទីនដឹងយ៉ាងច្បាស់នូវអ្វី ដែលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងធ្វើ ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់របស់រុស្ស៊ីនៅជុំវិញពិភពលោក និងជាអ្វីដែលរុស្ស៊ីកំពុងប្រព្រិត្តនៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖ ពួកយើងបានបង្ហាញម្តងហើយម្តងទៀត អំពីឆន្ទៈដែលយើងមាន ក្នុងការជំរុញទៅលើអ្វីដែលរុស្ស៊ីកំពុងតែធ្វើ ជាពិសេសនៅអ៊ុយក្រែន មួយវិញទៀតលោកពូទីន គ្រាន់តែនៅឲ្យឆ្ងាយពីការបោះឆ្នោតរបស់យើងទៅបា​នហើយ។

គួរជម្រាបបន្ថែមថា ពាក់ព័ន្ធនឹងការលើកឡើងដូច្នេះ កើតឡើងក៏ដោយសារតែមានកិច្ចសម្ភាសន៍ំមួយជាមួយនឹងលោក ពូទីន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយអំឡុងពេលនោះ លោក ពូទីន ត្រូវបានគេចោទសួរថា តើបុគ្គលរូបណាដែលរុស្ស៊ីយល់ថា សាកសមបំផុតក្នុងការដឹកនាំសហរដ្ឋអាមេរិក? លោក ពូទីន ឆ្លើយថា៖ បៃដិនជាអ្នកសាកសម ព្រោះគាត់មានបទពិសោធន៍ជាង ងាយស្រួលក្នុងការធ្វើការជាមួយ ហើយគាត់គឺជាអ្នកនយោបាយជើងចាស់មួយរូប តែយ៉ាងណារុស្ស៊ីនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងរីករាយ ជាមួយមេដឹកនាំអាមេរិកគ្រប់រូប ដែលប្រជាជនអាមេរិកបោះឆ្នោតជូន៕