សហរដ្ឋអាមេរិក អះអាងថាបានចំណាយអស់ជិត ៣០ពាន់លានដុល្លារលើសង្គ្រាមជាមួយអ៊ីរ៉ង់

អន្តរជាតិ

យោងតាមមន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់អស់ប្រមាណ ២៩ពាន់លានដុល្លារនៅក្នុងជម្លោះអ៊ីរ៉ង់ ដែលជាការកើនឡើង ៤ពាន់លានដុល្លារ បើធៀបទៅនឹងតួលេខដែលបានចេញផ្សាយកាលពីពីរសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jay Hurst អ្នកត្រួតពិនិត្យថវិការបស់មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃទី១២ ខែឧសភាថា នាយសេនាធិការចម្រុះសហរដ្ឋអាមេរិក និងផ្នែកថវិកា បានបង្កើនការប៉ាន់ប្រមាណរបស់ពួកគេអំពីការចំណាយសរុបសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ដល់ជិត ២៩ពាន់លានដុល្លារ។ តួលេខនេះ ធ្លាប់ត្រូវបានបង្ហាញពីមុន ដល់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធសភា កាលពីខែមេសាថាមានចំនួនត្រឹម ២៥ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញ​ លោក Hurst បានកត់សម្គាល់ថា តួលេខដែលបានកែតម្រូវជាថ្មីនេះ គឺឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការចំណាយដែលបានធ្វើបច្ចុប្បន្នភាពនៃការជួសជុល និងជំនួសឧបករណ៍យោធា ក៏ដូចជាការចំណាយប្រតិបត្តិការទូទៅនៃការរក្សាកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ជម្លោះ។

នៅថ្ងៃដដែលនោះ ក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការបែងចែកថវិការបស់សភា រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានច្រានចោលការព្រួយបារម្ភថា ឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ត្រូវបានថយចុះយ៉ាងខ្លាំង នៅក្នុងជម្លោះថ្មីៗនេះជាមួយអ៊ីរ៉ង់។

លោកបានអះអាងទៀតថា ការព្រមានអំពីកង្វះខាតគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកត្រូវបានគេយកទៅបំផ្លើសយ៉ាងខ្លាំង ហើយបានសង្កត់ធ្ងន់ទៀតថា មន្ទីរបញ្ចកោណ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទូះនៃជម្លោះឡើងវិញ ប្រសិនបើចាំបាច់៕​