ការនាំចេញកេហ្វេរបស់វៀតណាម កំពុងមានកការកើនឡើងយ៉ាងខ្លាំង នៅឆ្នាំនេះ ដោយផ្តល់មកនូវប្រាក់ចំណូលជិត ៧ពាន់លានដុល្លារ ត្រឹមរយៈពេល ៩ខែកន្លងមក ពោលគឺបានកើនឡើង ៦១% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។

យោងតាមនាយកដ្ឋាននាំចេញ-នាំចូល ស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា នៅក្នុងខែកញ្ញាតែមួយ ការនាំចេញកាហ្វេរបស់វៀតណាម បានកើនឡើងដល់ ៨៤ ០០០ តោន ពោលគឺកើនឡើង ៦៣% គិតជាបរិមាណ និង ៦៦% គិតជាតម្លៃ។ ហើយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញ បានកើនឡើងដល់ចំនួន ១,២៣ លានតោន ដែលមានតម្លៃសរុប ៦,៩៨ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញ និងតម្លៃនេះបានកើតឡើង ដោយសារតែការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក និងផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino លើការផ្គត់ផ្គង់ពីប្រទេសដែលជាអ្នកផលិតកាហ្វេធំបំផុតរបស់ពិភពលោក ដូចជាប្រេស៊ីល និងឥណ្ឌូណេស៊ី។
ជម្រាបជូនថា យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម បានបង្ហាញឲ្យដឹងទៀតថា សហរដ្ឋអាមេរិកទើបតែដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ដែលធ្វើឲ្យកាហ្វេប្រេស៊ីលនាំចូលមកអាមេរិកមានតម្លៃថ្លៃជាង។ ក្នុងបរិបទដែលអាមេរិកជាទីផ្សារធំបំផុតមួយ ការផ្លាស់ប្តូរនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់កាហ្វេវៀតណាមដើម្បីទទួលបានចំណែកទីផ្សារកាន់តែច្រើន៕

