មេធំក្រុមហ៊ុនខ្នាតយក្ស Nvidia ទទួលទានអាហារតាមដងផ្លូវយ៉ាងសាមញ្ញ ខណៈកំពុងអមដំណើរលោក ត្រាំ​ នៅចិន

អន្តរជាតិ

នាយប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ត្រូវបានគេប្រទះឃើញកំពុងបរិភោគអាហារតាមចញ្ចើមផ្លូវយ៉ាងសាមញ្ញ នៅតំបន់បុរាណ Nanluo ក្នុងទីក្រុងប៉េកាំង ខណៈពេលលោកកំពុងអមដំណើររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងទស្សនកិច្ចមកកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Huang និងក្រុមជំនួយការរបស់លោកប្រហែល ១០ នាក់ បានទៅទស្សនាផ្លូវ Nanluo ក្នុងសង្កាត់ Dongcheng ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី១៥ ខែឧសភា ដើម្បីរីករាយជាមួយម្ហូបអាហារក្នុងតំបន់។ វីដេអូមួយដែលបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបង្ហាញពីសកម្មភាពរបស់លោក Huang កំពុងពាក់អាវស្បែក និងកាន់ចានមីហូបយ៉ាងសាមញ្ញ នៅមុខភោជនីយដ្ឋានមួយ នៅតាមផ្លូវ។

យ៉ាងណាមិញ បន្ទាប់ពីញ៉ាំអាហាររួច មហាសេដ្ឋីមានលុយរាប់រយពាន់លានដុល្លាររូបនេះ បានសរសើរពីរសជាតិ ហើយបន្តដើរលេងនៅតំបន់ក្បែរនោះ និងហួសទៅផឹកភេសជ្ជៈនៅហាងលក់ការ៉េម Mixue ផងដែរ។

ជម្រាបជូនថា លោក Huang ស្ថិតក្នុងចំណោមមេដឹកនាំអាជីវកម្មអាមេរិកកំពូលៗ ១៦ នាក់ផ្សេង ដែលអមលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង។ នៅថ្ងៃធ្វើការដំបូង លោកបានស្លៀកឈុតផ្លូវការ និងចូលរួមក្នុងការចរចារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ៕​