មានការផ្ទុះចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបភាពមួយសន្លឹកដែលបានបង្ហាញពីវត្តមានរបស់ស្ត្រីម្នាក់កំពុងអង្គុយនៅចម្លោះ មហាសេដ្ឋីកំពូលលំដាប់ពិភពលោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX , Tesla និងមហាសេដ្ឋី Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple អំឡុងកិច្ចប្រជុំមេដឹកនាំអាជីវកម្មកំពូល ក្នុងប្រទេសចិន នាពេលថ្មីៗនេះ។

ស្ត្រីម្នាក់ឈ្មោះត្រូវបានគេស្គាល់ឈ្មោះថា Zhou Qunfei ដែលជាស្ថាបនិកក្រុមហ៊ុន Lens Techonlogy ដែលផលិតកញ្ចក់ទូរស័ព្ទដ៏ធំបំផុតមួយរបស់ពិភពលោក សម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Apple និង Samsung ជាដើម។ លោកស្រី បច្ចុប្បន្នត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិប្រហែល ២៨ពាន់លានដុល្លារ។
លោកស្រី Zhou គឺជាមហាសេដ្ឋីស្រ្តីចាប់ផ្តើមពីបាតដៃទទេរវ័យក្មេងជាងគេ នៅក្នុងបញ្ជីរបស់ Forbes ហើយចាប់ផ្តើមអាជីវកម្មរបស់លោកស្រី ក៏ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ ពាក់ព័ន្ធជាមួយនឹងជីវិតតស៊ូដ៏អស្ចារ្យរបស់លោកស្រី។
លោកស្រី Zhou ធំធាត់នៅក្នុងភូមិតូចមួយនៅកណ្តាលប្រទេសចិន។ ដោយម្តាយរបស់អ្នកស្រីបានស្លាប់នៅពេលអ្នកស្រីមានអាយុត្រឹមប្រាំឆ្នាំ ហើយឪពុករបស់អ្នកស្រីបានងងឹតភ្នែកម្ខាង និងបាត់បង់ម្រាមដៃ នៅក្នុងគ្រោះថ្នាក់អំឡុងពេលធ្វើការនៅរោងចក្រឧស្សាហកម្មមួយ។ នេះបើយោងតាមកាសែត The New York Times។ កាលនៅក្មេង លោកស្រីបានចាប់ផ្តើមចិញ្ចឹមជ្រូក និងទា ដើម្បីរកអាហារ និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។

នៅអាយុ ១៦ឆ្នាំ ស្ត្រីរូបនេះ ត្រូវបានបង្ខំឱ្យឈប់រៀននៅវិទ្យាល័យដើម្បីស្វែងរកការងារផ្គត់ផ្គង់គ្រួសារ។ មិនយូរប៉ុន្មាន អ្នកស្រីទទួលបានការងារនៅរោងចក្រផលិតកញ្ចក់នាឡិកាមួយ ដោយទទួលបានប្រាក់ឈ្នួលត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
អ្នកស្រី Zhou ប្រាប់អ្នកកាសែតថា លក្ខខណ្ឌរោងចក្រនោះគឺអាក្រក់ណាស់ខ្លាំណាស់ ដោយលោកស្រី ត្រូវងើបធ្វើការពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១២ អធ្រាត្រ ហើយពេលខ្លះរហូតដល់ម៉ោង ២ ទៀបភ្លឺក៏មាន។
នៅអាយុ ២២ឆ្នាំ លោកស្រី Zhouក៏សម្រេចចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង។ ដោយមានប្រាក់ត្រឹមតែ ៣ ០០០ដុល្លារនៅក្នុងហោប៉ៅ លោកស្រី និងសាច់ញាតិមួយចំនួនបានចាប់ផ្តើមបើកតូបតូចមួយ ដោយផលិតកញ្ចក់នាឡិកាសម្រាប់អតិថិជន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន AFR លោកស្រី បានរស់នៅ និងធ្វើការនៅក្នុងអាផាតមិនតូចមួយជាមួយបងប្អូនបង្កើត មិត្តភក្តិ និងបងប្អូនជីដូនមួយពីរនាក់របស់លោកស្រី។
អំឡូងពេលនោះ បើទោះបីជាក្រុមហ៊ុនកំពុងរីកចម្រើនជាលំដាប់ក៏ដោយ ក៏អាជីវកម្មរបស់លោកស្រី Zhou មិនទាន់ទទួលបានជោគជ័យនៅឡើយទេ រហូតដល់លោស្រី បានធ្វើការសម្រេចចិត្តផ្លាស់ប្តូរអាជីព ដើម្បីចាប់ផ្ដើមផលិតអេក្រង់កញ្ចក់សម្រាប់ទូរស័ព្ទចល័តវិញ។
ក្រុមហ៊ុន Motorola គឺជាក្រុមហ៊ុនដំបូងគេដែលបានទាក់ទងមក លោកស្រី ក្នុងឆ្នាំ២០០៣ បន្ទាប់មកគឺក្រុមហ៊ុនទូរស័ព្ទចល័តផ្សេងទៀត ដូចជា HTC, Nokia, Samsung និងចុងក្រោយគឺ Apple ក្នុងឆ្នាំ២០០៧ ។
យ៉ាងណាមិញ ការខិតខំប្រឹងប្រែងរបស់លោកស្រី Zhou ពិតជាទទួលបានផ្លាផ្កា ដោយក្រុមហ៊ុន Lens Technology បច្ចុប្បន្ន បានរីកចម្រើនយ៉ាងខ្លាំង ហើយឥឡូវនេះមានបុគ្គលិកជាង ៧៤ ០០០ នាក់នៅរោងចក្រចំនួន ៣២ ក្នុងទីតាំងចំនួនប្រាំពីរផ្សេងគ្នា ក្នុងប្រទេសចិន៕

